(កណ្ដាល)៖ ករណីសិប្បកម្មកែច្នៃអុសអនាម័យ របស់ក្រុមហ៊ុន ផាន់ និត អីមផត អិចផត ស្ថិតនៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងក្លាយជាបញ្ហាដែលទាមទារឱ្យអាជ្ញាធរ និងមន្ទីរជំនាញតាមដានឱ្យបានម៉ឺងម៉ាត់ បន្ទាប់ពីក្រុមការងារជំនាញចុះត្រួតពិនិត្យ និងរកឃើញថា ទីតាំងនេះមានផ្សែង និងធូលីហុយពិតប្រាកដ។យោងតាមកំណត់ហេតុចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល ដឹកនាំដោយលោក ហួន វិសុទ្ធ អនុប្រធានមន្ទីរ សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំង បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍អំពីបញ្ហាធូលី និងផ្សែងហុយខ្លាំង។
លទ្ធផលត្រួតពិនិត្យបានបញ្ជាក់ថា ទីតាំងពិតជាមានផ្សែង និងធូលី ដោយផ្សែងកើតចេញពីការដុតឡកម្ដៅ ដោយប្រើកំទេចអុស និងកាកអំពៅ ខណៈធូលីកើតចេញពីខ្សែសង្វាក់ផលិតកម្ម។អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺក្រុមការងារបានរកឃើញ ចំណុចខ្វះខាតសំខាន់ៗ រួមមាន៖ មិនទាន់មានឯកសារច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន មិនទាន់រៀបចំបច្ចេកទេសទប់ស្កាត់ធូលី និងផ្សែងបានល្អ និងមិនទាន់មានសេចក្តីសម្រេចបង្កើត ព្រមទាំងវិញ្ញាបនបត្របើកដំណើរការសហគ្រាស។ដោយហេតុនេះ ក្រុមការងារបាន ណែនាំឱ្យម្ចាស់ក្រុមហ៊ុនផ្អាកសកម្មភាពសិប្បកម្មជាបណ្តោះអាសន្ន ដើម្បីរៀបចំកែប្រែប្រព័ន្ធឡសម្អាត ឱ្យស្របតាមបច្ចេកទេស គ្រប់គ្រងធូលី និងផ្សែងឱ្យបានត្រឹមត្រូវ ព្រមទាំងរៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន និងផែនការបរិស្ថាន ដាក់ជូនមន្ទីរបរិស្ថានពិនិត្យមុនថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦។ប៉ុន្តែផ្ទុយពីការណែនាំនេះ ប្រជាពលរដ្ឋបានរាយការណ៍ថា នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ទីតាំងនៅតែបន្តសកម្មភាពផលិតកម្ម ហើយការប្រើប្រាស់ម៉ាស៊ីន និងការដុតឡបានបង្កឱ្យមានធូលីហុយធ្លាក់ពេញស្រះទឹក និងស្រះចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំង។ប្រសិនបើការរាយការណ៍នេះជាការពិត នោះជាសំណួរដ៏ធ្ងន់មួយថា៖ តើការណែនាំរបស់មន្ទីរជំនាញ និងអាជ្ញាធរមានប្រសិទ្ធភាពកម្រិតណា ប្រសិនបើទីតាំងដែលត្រូវបានណែនាំឱ្យផ្អាក បែរជាអាចបន្តដំណើរការបានភ្លាមៗ?ការរកស៊ី និងការបង្កើតការងារជារឿងល្អ ប៉ុន្តែការអភិវឌ្ឍអាជីវកម្មមិនគួរធ្វើឡើងដោយបោះបង់ចោលការទទួលខុសត្រូវចំពោះបរិស្ថាន និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ ជាពិសេស នៅពេលដែលក្រុមការងារជំនាញបានកំណត់ចំណុចខ្វះខាត និងបានដាក់ចេញវិធានការកែតម្រូវរួចហើយ។ដូច្នេះ សូមអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងម្តងទៀត ថាតើសិប្បកម្មនេះបានអនុវត្តតាមការណែនាំ និងផ្អាកសកម្មភាពដែរឬទេ? ប្រសិនបើនៅតែបន្តផលិតកម្មដោយមិនទាន់កែប្រែប្រព័ន្ធទប់ផ្សែង និងធូលី សូមចាត់វិធានការតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ច្បាប់ និងការណែនាំរបស់ស្ថាប័នជំនាញ មិនមែនគ្រាន់តែជាឯកសារនៅលើក្រដាសនោះឡើយ។ប្រជាពលរដ្ឋចង់បានអាជីវកម្មដែលគោរពច្បាប់ គោរពបរិស្ថាន និងគោរពសិទ្ធិរស់នៅរបស់ពួកគេ៕









No comments:
Post a Comment