បន្ទាយមានជ័យ៖ កម្លាំងយោធាការពារព្រំដែនគោក បានបើកប្រតិបត្តិការបង្ក្រាបករណីលួចនាំចូលសាច់បង្កក និងជ្រូកកណ្ដុរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសថៃ ដែលក្រុមឈ្មួញព្យាយាមនាំចូលមកចែក ចាយក្នុងទីផ្សារស្រុក។ ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចខាងជើងតំបន់បឹងត្រកួន ក្នុងភូមិសាស្ត្រឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះបើយកតាមបណ្ដាញសារព័ត៌មានPhally news ទើបទទួលបាននាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
យោងតាមរបាយការណ៍ពីកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖
១. ជ្រូកកណ្ដុរ ចំនួន ៣៣ ការ៉ុង (ស្មើនឹង ១៩៨ ក្បាល)
២. ប្រហិត ចំនួន ១៩ ការ៉ុង (ស្មើនឹង ១៥២ កញ្ចប់)
៣. គ្រឿងក្នុងជ្រូក ចំនួន ៤ ការ៉ុង (ស្មើនឹង ១៦ កញ្ចប់)
៤. កោះមាន់ ចំនួន ១ កេស (ស្មើនឹង ៦ កញ្ចប់)
ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមឈ្មួញល្មើសច្បាប់បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែងកើតហេតុ។
ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សេងធារិន មេបញ្ជាការរងនិងជានាយសេនាធិការ យោធាភូមិភាគ ៥ បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការដោយព្រមានធ្ងន់ៗទៅកាន់ក្រុមឈ្មួញខិលខូចថា ទោះបីជាថ្ងៃនេះក្រុមល្មើសអាចរត់រួចខ្លួនក៏ដោយ ប៉ុន្តែប្រសិនបើមិន ព្រមឈប់សកម្មភាពរត់ពន្ធខុសច្បាប់នេះទេ ពួកគេនឹងមិនអាចគេចផុតពីសំណាញ់ច្បាប់ជារៀងរហូតបានឡើយ៕







No comments:
Post a Comment