(កណ្ដាល)៖ ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភ និងខ្សឹបប្រាប់ថា មានសំណង់សង្ស័យអត់ច្បាប់ចំនួន ២កន្លែង កំពុងសាងសង់ជិតរួចរាល់ទៅហើយ ដោយពុំឃើញមានដាក់បង្ហាញ លិខិតអនុញ្ញាតសាងសង់ និង លិខិតបើកការដ្ឋាន តាមការកំណត់របស់ច្បាប់ឡើយ។ សំណង់ទាំងពីរនេះ ស្ថិតនៅច្រកចូលផ្ទះសំណាក់ដំណក់ទឹក ចុះពីផ្លូវជាតិលេខ២១ ប្រមាណ ១៨៩ម៉ែត្រ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមប្រភពពីប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ សំណង់មួយជាប្រភេទផ្ទះជួល និងមួយទៀតជាលំនៅដ្ឋាន ហើយមិនឃើញមានឯកសារច្បាប់បង្ហាញនៅទីតាំងសំណង់នោះទេ។ ប្រសិនបើព័ត៌មាននេះជាការពិត នោះវាមិនត្រឹមតែជាការមិនគោរពច្បាប់ស្ដីពីសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាសំណួរធំមួយអំពីប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋានផងដែរ។
តាមគោលការណ៍ច្បាប់ស្ដីពីសំណង់ ម្ចាស់សំណង់ត្រូវទទួលបានការអនុញ្ញាតសាងសង់ជាមុន និងត្រូវបង្ហាញលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាននៅទីតាំងសំណង់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធអាចពិនិត្យបាន។ ការមិនអនុវត្តតាមនីតិវិធីទាំងនេះ អាចបង្កឱ្យមានការសាងសង់មិនស្របតាមបទដ្ឋានបច្ចេកទេស ស្តង់ដារសុវត្ថិភាព និងផែនការប្រើប្រាស់ដី។
ជាពិសេស សំណង់ដែលមិនឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសពីមន្ត្រីជំនាញ អាចប្រឈមនឹងហានិភ័យជាច្រើន ដូចជា គុណភាពគ្រឹះមិនរឹងមាំ ការប្រើប្រាស់សម្ភារមិនត្រឹមត្រូវ ប្រព័ន្ធអគ្គិសនី និងបំពង់ទឹកគ្មានស្តង់ដារ ហានិភ័យអគ្គិភ័យ ការបាក់ស្រុត ឬប៉ះពាល់ដល់សុវត្ថិភាពអ្នករស់នៅ និងអ្នកជិតខាងនាពេលអនាគត។
ប្រសិនបើសំណង់អត់ច្បាប់អាចសាងសង់បានរហូតជិតរួចរាល់ដោយគ្មានការទប់ស្កាត់ នោះសាធារណជនមានសិទ្ធិសួរថា តើការត្រួតពិនិត្យរបស់អាជ្ញាធរមានប្រសិទ្ធភាពគ្រប់គ្រាន់ដែរឬទេ? តើបញ្ហានេះបណ្តាលមកពីការខ្វះការតាមដាន ការអនុវត្តច្បាប់មិនម៉ឺងម៉ាត់ ឬមានចំណុចខ្សោយណាមួយដែលគួរត្រូវបានកែលម្អ?
មហាជន សូមអំពាវនាវដល់លោក ជៀម ខួយ ចៅសង្កាត់តាខ្មៅ និងលោក ឃឹម សំភារ អភិបាលរងក្រុងតាខ្មៅ មេត្តាដឹកនាំកម្លាំង និងមន្ត្រីជំនាញចុះពិនិត្យទីតាំងសំណង់ទាំងពីរនេះជាបន្ទាន់។ ប្រសិនបើរកឃើញថាសាងសង់ដោយគ្មានលិខិតអនុញ្ញាតពិតប្រាកដ សូមចាត់វិធានការហាមឃាត់ ឬអនុវត្តតាមនីតិវិធីច្បាប់ដោយស្មើភាព និងគ្មានការលើកលែង ដើម្បីរក្សាសណ្តាប់ធ្នាប់សំណង់ និងការគោរពនីតិរដ្ឋ។
ច្បាប់ គឺជាច្បាប់។ ការអនុវត្តច្បាប់ត្រូវតែស្មើភាពចំពោះមនុស្សគ្រប់រូប ដោយមិនគួរឱ្យមានសំណង់ណាមួយអាចឈរលើច្បាប់ ឬស្ថិតក្រៅការត្រួតពិនិត្យរបស់អាជ្ញាធរឡើយ។ ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយសុវត្ថិភាព តម្លាភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ៕



















No comments:
Post a Comment