រាជធានីភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានក្នុងស្រុក ផ្សព្វផ្សាយអំពីករណីទីតាំងល្បែងស៊ីសងអនឡាញ១កន្លែង នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញនោះមក កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ បានចុះទៅបង្ក្រាបទីតាំងខាងលើ ប៉ុន្តែពេលទៅ ដល់គឺឃើញតែស្លាកស្នាមប៉ុណ្ណោះ។ ប្រការនេះវាហាក់ បីដូចជាពួកអ្នកលេងល្បែង និងថៅកែអនឡាញទាំង នោះបាន ដឹងសញ្ញាជាមុន ហើយក៏ចាកចេញ មុនពេលសមត្ថកិច្ចទៅដល់ យ៉ាងណាប្រជាពលរដ្ឋសាទរខ្លះៗដែរ។
ប្រជាពលរដ្ឋនៅក្បែរខាង នៃទីតាំងល្បែងអនឡាញដ៏ធំសម្បើមនោះ សុទ្ធតែដឹងថា វាជាកន្លែងដែលពោរពេញទៅដោយល្បែងអនឡាញ ដែលមានជនបរទេសផង ខ្មែរផង ចូលលេងយ៉ាងគគ្រឹកគគ្រេងសស្រាក់សស្រាំមិនថា យប់ ឬថ្ងៃនោះឡើយ។ នៅគ្រាដែលអាជ្ញាធរខណ្ឌ ដូនពេញក្រោមការដឹកនាំរបស់លោកជា ខេមា ក៏ដូចជាកម្លាំងនគរបាលចុះធ្វើប្រតិបត្តិការ បែរជាមិនឃើញមានអ្វី ហើយប្រកាសថា “បានបិទទៅហើយ”។ ប្រជាពលរដ្ឋរស់នៅជិតខាងទីតាំងខាងលើ បានត្រឹមតែនាំគ្នា ដើររឹតដើមទ្រូង ហើយនិយាយដោយចំអកថា “ក្របីស៊ីស្រូវបងមិនហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល!”។
ក៏ប៉ុន្តែមជ្ឍដ្ឋានផ្សេងទៀតនិយាយថា ប្រសិនបើគ្មានការឲ្យសញ្ញាណាមួយពីអ្នកខាងក្រៅ(ទំនងជាចង់សំដៅលើសមត្ថកិច្ច) “បូញមាត់ បត់ដុំដៃ “ទេនោះ គេមិនអាច “ជប់”យកអីវ៉ាន់ចេញក្នុង១យប់បានដោយសុវត្ថិភាពយ៉ាងនេះទេ។
គួរបញ្ជាក់ថា ទីតាំងល្បែងអនទ្បាញដ៏ធំ១កន្លែង ដែលមានល្បែងស៊ីសងច្រើនប្រភេទ ដូចជា «ភ្នាល់បៀ បាល់ ឡូតូ,ឆ្នោត » កំពុងតែបើកដំណើរការយ៉ាងស្ងៀមស្ងាត់ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៥ កែងផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ប្រភព ពីអ្នកដែលធ្លាប់ចូលលេងល្បែងទាំងនោះខ្សឹបថា ល្បែង ស៊ីសងខុសច្បាប់តាមអនឡាញទាំងនេះ សុទ្ធសឹងតែជាការឆបោកតាមប្រព័ន្ធអនឡាញ Scam Online ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានបង្ក្រាបជាដាច់ខាត។ ប៉ុន្តែបែរ ជាមេប៉ូលិសខណ្ឌដូនពេញបណ្តែតបណ្ដោយឲ្យល្បែងអនទ្បាញបន្តដំណើរការនិងបន្ត «ឆបោក» ប្រជាពលរដ្ឋកម្ពុជា និងកំពុងតែប្រឆាំងបទបញ្ជាថ្នាក់ដឹកនាំ។
បន្ទាប់ពីមានការផ្សព្វផ្សាយ ក្នុងរយៈពេលខ្លីប៉ុណ្ណោះទីតាំងទាំងនេះត្រូវគេរាយការណ៍ថា បានបិទបញ្ចប់ទាំង ស្រុង ហើយនៅពេលដែលអាជ្ញាធរហៅអ្នកកាសែតទៅផ្សព្វផ្សាយនោះគឺឃើញមានតែសំបកផ្ទះ និងអីវ៉ែអីវ៉ាន់ខ្លះដែលសេសសល់ប្រមូលមិនទាន់ប៉ុណ្ណោះ។ នេះអាចចាត់ទុកថាជាជោគជ័យមួយផងដែរ របស់អាជ្ញាធរខណ្ឌ ដូនពេញ ដែលចុះទៅបោសសំអាតក្រុមអនឡាញទាំង នោះ។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះមិនហ៊ាននិយាយថា អាជ្ញាធរខណ្ឌដូនពេញចុះទៅបំបែកឆ្នាំងបាយខ្លួនឯងនោះទេ។ ក៏ប៉ុន្តែវាបានផ្ដល់នូវភាពកក់ក្តៅខ្លះៗជូនប្រជាពលរដ្ឋត្រឡប់មកវិញដែរ៕


No comments:
Post a Comment