រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍គួរឲ្យទុកចិត្តមួយបានឱ្យដឹងនៅថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទីតាំងល្បែងអនទ្បាញដ៏ធំមួយកន្លែង ដែលមានល្បែងស៊ីសងច្រើនប្រភេទ ដូចជា «ភ្នាល់បៀ បាល់ ឡូតូ ឆ្នោត » កំពុងតែបើកដំណើរការយ៉ាងស្ងៀមស្ងាត់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៥ កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គេជឿថាអាជ្ញាធរមានសមត្ថកិច្ចជាពិសេសកម្លាំងនគរបាលខណ្ឌដូនពេញពិតជាដឹងអំពីទីតាំងនេះ។
ប្រភពពីអ្នកដែលធ្លាប់ចូលលេងល្បែងទាំងនោះដើរនិយាយខ្សឹបថា ល្បែងស៊ីសងខុសច្បាប់តាមអនឡាញទាំងនេះ សុទ្ធសឹងតែជាការឆបោកតាមប្រព័ន្ធអនឡាញ Scam Online ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានបង្ក្រាបជាដាច់ខាត។ ប៉ុន្តែបែរជាមេប៉ូលិសខណ្ឌដូនពេញបណ្តែតបណ្ដោយឲ្យល្បែងអនទ្បាញបន្តបើកដំណើរ ការនិងបន្ត «ឆបោក» ប្រជាពលរដ្ឋកម្ពុជា និងកំពុងតែប្រឆាំងបទបញ្ជាថ្នាក់ដឹកនាំ។
ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌដូនពេញធ្វើឲ្យប្រជាពលរដ្ឋយល់ឃើញថា ទំនងជាមានទំនាក់ ទំនងជាយថាហេតុ ដោយប្រការណាមួយរវាងថៅកែទីតាំងអនឡាញខាងលើនោះហើយ។ ប្រភពបន្ថែមថាទីតាំងល្បែងស៊ីសងអនឡាញខាងលើនេះមិនមែនសម្រាប់តែជនបរទេសនោះទេប៉ុន្តែក៏សម្រាប់ពលរដ្ឋខ្មែរចូលលេងបានដោយសេរីផងដែរ។ ដូច្នេះអាជ្ញាធរត្រូវតែចាត់វិធានការត្រួតពិនិត្យឱ្យបានហ្មត់ចត់។
ប្រជាពលរដ្ឋស្នើសុំ លោកឃួង ស្រេង អភិបាលរាជធានីនិងលោកស្នងការនគរបាល ជាពិសេសលោក អធិការនគរបាលខណ្ឌដូនពេញ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់ មេត្តាជួយចាត់វិធានការ បង្ក្រាបបទល្មើសអនឡាញទាំងនេះដើម្បីឲ្យស្របទៅតាមវិធានការបន្ទាត់ចាំបាច់របស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរខណ្ឌដូនពេញ មិនព្រងើយកន្តើយចំពោះបញ្ហានេះទេ៕
អត្ថបទដោយសហការី


No comments:
Post a Comment