សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Thursday, September 11, 2025

ការដ្ឋានបូមខ្សាច់មួយកន្លែងនៅឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបងកំពុងបង្កហានិភ័យដល់អ្នកដំណើរនិងបាក់ដីមាត់ស្ទឹង


ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនៅឃុំកំប្រង់ស្រុកកំរៀងខេត្តបាត់ដំបងរអ៊ូរទាំអំពីការលំបាកក្នុងការធ្វើដំណើរព្រោះតែរថយន្តដឹកខ្សាច់ចេញពីការដ្ឋានមួយកន្លែងធ្វើឲ្យខូចផ្លូវក្នុងសហគមន៍។ មិនតែប៉ុណ្ណោះការដ្ឋានបូមខ្សាច់ខាងលើនោះ បានធ្វើឲ្យមានការបាក់ស្រុតនៅមាត់ស្ទឹងក្បែរការដ្ឋាននោះទៀតផង។ បើទោះជាយ៉ាងណាក៏ដោយរដ្ឋបាលស្រុកកំរៀងយល់ថា ជាការដ្ឋានដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ។


តំណាងក្រុមហ៊ុនការដ្ឋានបូមខ្សាច់ បានអះអាងតាមទូរសព្ទជាមួយភ្នាក់ងារកាសែតយើងថា "យើងមានច្បាប់ហើយឥឡូវកំពុងពិភាក្សាគ្នា(?)"ហើយក៏ចុចបិទទូរសព្ទទៅ។

អាជ្ញាធរស្រុកកំរៀងតាមរយៈលោកអភិបាលស្រុក សុខដែនមានប្រសាសន៍ថា ទីតាំងការដ្ឋានបូមខ្សាច់នេះមាន ច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយថ្នាក់ខេត្តដែលអាជ្ញាធរស្រុកមិនបានដឹងឮនោះទេ។ យ៉ាងណាក៏ដោយរដ្ឋបាលស្រុកនឹងចាត់កម្លាំងចុះទៅមើលអំពីសកម្មភាពបូមខ្សាច់ដែលបង្កឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរមិនសប្បាយចិត្តនោះ។ លោកថា "បើយ៉ាងដូច្នោះមែន យើងខ្ញុំនឹងបញ្ជូនកម្លាំងឲ្យចុះទៅមើលថា តើវាមានការលំបាកយ៉ាងណាខ្លះ"។ លោកបានបញ្ជាក់ថា ធ្លាប់បានណែនាំពីបញ្ហានៃការដឹកជញ្ជូនដែលធ្វើឲ្យខូចផ្លូវសាធារណៈនោះដែរ។

ប្រជាពលរដ្ឋក្មេង,ចាស់,ប្រុស,ស្រីធ្វើដំណើរតាមផ្លូវបានរអ៊ូរទាំបញ្ហាផ្លូវលំបាក ដែលបង្កដោយរថយន្តដឹកខ្សាច់បំផ្លាញផ្លូវនិងហៀរហូរខ្សាច់មកលើផ្លូវជាដើម។ ពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើមិនដឹងថា តើការដ្ឋានបូមខ្សាច់របស់ឈ្មួញដែលគេខ្សឹបប្រាប់ថាឈ្មោះទូ ធានទឺ នោះ មានច្បាប់ទម្លាប់ត្រឹមកម្រិតណានោះទេ។ ប៉ុន្តែអ្វីដែលមើលឃើញគឺការដឹកជញ្ជូនខ្សាច់កំពុងបំផ្លាញផ្លូវដែលប្រជាពលរដ្ឋប្រើប្រាស់សព្វថ្ងៃ។ ក្រៅពីនោះគេក៏ឃើញផងដែរអំពីការផុងបាក់មាត់ស្ទឹង ដែលនៅជិតការដ្ឋានបូមខ្សាច់នោះ។

មន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង រហូតមកដល់ពេល នេះមិនទាន់មានប្រធានមន្ទីរ ដើម្បីដោះស្រាយបញ្ហានៅឡើយ។ យ៉ាងណាក៏ដោយលោកធួន អ្នកមុខអ្នកការធំម្នាក់នៃមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបងបានឲ្យដឹងថាការដ្ឋានខាងលើនេះមានច្បាប់ត្រឹមត្រូវ ចេញដោយថ្នាក់ខេត្ត។ នៅពេលដែលអ្នកកាសែតសួរអំពីបញ្ហានៃការប្រើប្រាស់ម៉ាស៊ីនធំសម្រាប់បូមខ្សាច់នោះ លោកធួនបានឆ្លើយថា វាជាភាពត្រឹមត្រូវមិនខុសទេ។  រីឯបញ្ហាខូចផ្លូវនិងមានការបាក់ស្រុតយ៉ាងណា លោកធួនជំរុញឲ្យអ្នក កាសែតទៅសួរអាជ្ញាធរមូលដ្ឋានឃុំ។

សម្រាប់ប្រជាពលរដ្ឋនៅទីនោះមើលឃើញថា បើទោះជាមានច្បាប់ឬគ្មានច្បាប់ ប៉ុន្តែមើលទៅវាជាបញ្ហាកន្ទេលធំ បន្លំដេក ឬត្រីងៀតឆ្លៀតពង ដែលផលប្រយោជន៍មួយ ចំនួនធំត្រូវបានឈ្មួញខ្សាច់ ចែករំលែកជាមួយស្ថាប័នជំនាញ ហើយបង្កឲ្យមានការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើដំណើរ។ ការលំបាកដំបូងនោះ គឺផ្លូវដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់ជាប្រចាំថ្ងៃ ត្រូវរងនូវការខូចខាត ជាពិសេសខ្សាច់ជ្រុះនៅតាមផ្លូវពិបាកធ្វើដំណើរ។ ប្រជាពលរដ្ឋសំណូមពរលោកអភិបាលខេត្តបាត់ដំបងពិនិត្យមើលករណីខាងលើនេះផង៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages