(ណ្ដាល)៖ ប្រជាពលរដ្ឋបានលើកឡើងនូវក្តីបារម្ភ ក្រោយសង្កេតឃើញសំណង់អាជីវកម្មជាច្រើនកន្លែង កំពុងបន្តសាងសង់យ៉ាងសកម្មនៅក្បែរផ្សារត្រយឹង ស្ថិតក្នុងភូមិត្រពាំងភូមិ និងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយសង្ស័យថា មិនទាន់មានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ស្របតាមច្បាប់ស្ដីពីសំណង់។
ប្រភពពីប្រជាពលរដ្ឋនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអះអាងថា សំណង់ទាំងនេះកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ ខណៈមិនឃើញមានការបង្ហាញឯកសារអនុញ្ញាត ឬស្លាកព័ត៌មានគម្រោងសំណង់ឱ្យបានច្បាស់លាស់ ដែលបង្កឱ្យមានការសង្ស័យអំពីការអនុវត្តច្បាប់ និងតម្លាភាពក្នុងការគ្រប់គ្រងសំណង់នៅមូលដ្ឋាន។
ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលស្រុកអង្គស្នួល ជាពិសេសលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ចុះពិនិត្យជាក់ស្តែងជាបន្ទាន់។ ប្រសិនបើរកឃើញថា សំណង់ណាមួយមិនមានលិខិតអនុញ្ញាតស្របច្បាប់ គួរចាត់វិធានការផ្អាកការសាងសង់ និងអនុវត្តតាមនីតិវិធីច្បាប់ដោយស្មើភាព មិនគួរបណ្ដោយឱ្យមានការរំលោភច្បាប់បន្តទៀតឡើយ។
ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺមិនត្រឹមតែធានាសុវត្ថិភាពសាធារណៈ សណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានានូវគោលការណ៍នីតិរដ្ឋ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពរវាងអ្នកដែលគោរពច្បាប់ និងអ្នកដែលរំលោភច្បាប់ផងដែរ។
គិតត្រឹមម៉ោងផ្សាយនេះ នៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាននៅមិនទាន់ទទួលបានការបំភ្លឺ ឬការឆ្លើយតបជាផ្លូវការពីមន្ត្រីជំនាញពាក់ព័ន្ធ និងពីលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល នៅឡើយទេ ពាក់ព័ន្ធនឹងករណីសំណង់អាជីវកម្មដែលប្រជាពលរដ្ឋសង្ស័យថា កំពុងសាងសង់ដោយមិនទាន់មានលិខិតអនុញ្ញាតស្របច្បាប់។ ដូច្នេះ ព័ត៌មានខាងលើគឺផ្អែកលើការលើកឡើង និងការសង្កេតរបស់ប្រជាពលរដ្ឋ ខណៈការពិតជាក់ស្ដែងនឹងអាស្រ័យលើការចុះត្រួតពិនិត្យ និងការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានសូមរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ និងម្ចាស់សំណង់ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ មានតុល្យភាព ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ប្រសិនបើមានការបំភ្លឺ ឬឯកសារបញ្ជាក់ពីភាគីពាក់ព័ន្ធ អង្គភាពសារព័ត៌មាននឹងធ្វើការផ្សព្វផ្សាយជាបន្តទៀតដោយមិនលំអៀង៕








No comments:
Post a Comment