អគ្គនាយករង Fresh News លោក ស៊ន សុភក្រ៖ នៅថ្ងៃនេះ នៅតាមបណ្តាញសង្គម ខ្ញុំឃើញមានការចែកចាយច្រើនករណីស្នងការនគរបាលខេត្តព្រៃវែង ដែលបង ផែង វណ្ណៈ បានបង្ហោះដោយដាក់ថា បង ឈឿន ប៊ុនឆន បានជំរិតទារលុយប្រចាំខែពីឧកញ៉ា ជឹម សុខ មួយខែ១ម៉ឺនដុល្លារ។
ខ្ញុំមិនមានព័ត៌មានច្រើនចំពោះការលើកឡើងនេះទេ ជារឿងផ្ទៃក្នុង និងភស្តុតាងនៅក្នុងដៃបង ផែង វណ្ណៈ ដែលគាត់ថា បានរុញទៅអគ្គស្នងការរួចហើយ។
តែខ្ញុំសូមលើកឡើងនូវព័ត៌មានខ្លះៗពាក់ព័ន្ធនឹងស្នងការខេត្តព្រៃវែង ហើយគិតត្រឹមវេលាម៉ោងដែលខ្ញុំបង្ហោះនេះ ខ្ញុំក៏មិនទាន់បានឆាត ឬតេសួរនាំលោក ឆន នោះទេ ពីព្រោះដឹងថា ក្រោយបង វណ្ណៈ ផ្សាយច្បាស់ណាស់ថា គាត់នឹងទទួលទូរស័ព្ទគ្មានពេលទំនេរទេ និងត្រូវមកបំភ្លឺជាមួយ ថ្នាក់ដឹកនាំទៀត។
សម្រាប់ខ្ញុំ និងបង ឈឿន ប៊ុនឆន បានស្គាល់គ្នា និងរាប់អានគ្នាទោះមិនស្និទ្ធស្នាល តែអាចថាជាដៃគូល្អមួយពីព្រោះខ្ញុំពេញចិត្តគាត់ធ្វើការមុះមុត លឿនរហ័ស ច្បាស់លាស់ និងឈរលើភាពត្រឹមត្រូវ។
ខ្ញុំស្គាល់គាត់តាំងពីគាត់ នៅជាអធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាលមកម្ល៉េះ ដែលពេលនោះបងប្អូនច្បាស់ជានៅចាំមិនភ្លេចឡើយ ចំពោះការរឹតបន្តឹងការចេញចូលរបស់ជនជាតិវៀតណាមតាមព្រំដែន រហូតមានការផ្ទុះគាំទ្រគាត់ យ៉ាងខ្លាំងលើការងារមួយនេះ។
ចាប់ពីពេលគាត់ធ្វើជាស្នងការនគរបាលខេត្តព្រៃវែង ឲ្យតែមានករណីអ្វីកើតឡើងនៅក្នុងទឹកដីខេត្តមួយនេះ ខ្ញុំតែងបញ្ជូនទៅគាត់មិនតិចករណីឡើយរាប់ទាំងក្មេងទំនើងដេញវាយកាប់ចាក់គ្នា បទល្មើសគ្រឿងញៀន ចោរកម្ម សេវាសាធារណៈ និងបញ្ហាចរាចរណ៍ជាដើម ដែលគាត់បានដោះស្រាយភ្លាមៗ និងបើជាបទល្មើសវិញតាមចាប់ជនល្មើសដល់ទីបំផុត បើទោះរត់ទៅដល់ខេត្តណាមួយ។
សម្រាប់អង្គភាពវិញ ទោះបីខ្ញុំមិនទាន់បានចូលទៅស្នងការដ្ឋានខេត្តមួយដង តែតាមរូបភាព និងព័ត៌មានច្រើនដែលខ្ញុំទទួលបាន, ការកសាងអង្គភាពសម្រាប់ឲ្យកងកម្លាំងរាប់រយនាក់ធ្វើការ និងស្នាក់នៅ ស្នងការម្នាក់នេះបានលះបង់ច្រើន និងអាចថាចាយលុយចូលលានដុល្លារបាត់ទៅហើយ។
ខ្ញុំក៏មិនអាចប្រកែកបាននោះទេ សម្រាប់ការកសាងអង្គភាពច្បាស់ណាស់ថា នឹងមានការសុំឲ្យចូលរួមចំណែកពីសប្បុរសជន និងអ្នករកស៊ីមានមុខមាត់នៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅព្រៃវែង តើនរណាមិនស្គាល់លោកឧកញ៉ា ជឹម សុខ ថៅកែរកស៊ីគោ ក្របី រាប់ឆ្នាំនោះ?
លោកឧកញ៉ា ក៏មានកូនប្រុសម្នាក់ឈ្មោះ ជឹម រតនា ជាស្នងការរងនគរបាលទទួលការងារព្រំដែនផងដែរ។ ដូច្នេះការកៀរគរសុំការឧបត្ថម្ភសម្រាប់កសាងអង្គភាព ច្បាស់ណាស់ថា លោកឧកញ៉ា ជឹម សុខ ពិតជាបានរួមចំណែក និងម្យ៉ាងកូនរបស់គាត់ជាស្នងការរងដែរនោះ។
តែព័ត៌មានស្នងការព្រៃវែង ចាប់ជំរិតឲ្យបង់លុយមួយខែ១ម៉ឺនដុល្លារ ខ្ញុំគិតថា ស្នងការព្រៃវែងប្រហែលមិនអាចធ្វើរឿងបែបនេះ នាំឲ្យទៅថ្លោះធ្លោយជាប់ងៀងនោះទេ។ មួយទៀតលោក ឆន នេះក្រៅពីមុខងារជានគរបាល គ្រួសារគាត់ក៏មានមុខរបរមិនតិចដែរ ដែលត្រូវចាយទុនម៉ឺនដុល្លារក្នុងមួយៗខែ ដែលគាត់យល់ច្បាស់ពីការងារទាំងនេះ។
ទោះបីស្នងការម្នាក់នេះ រៀងសំដីកាចបន្តិចជាមួយកូនចៅ តែឆន្ទៈធ្វើការ និងការលះបង់របស់គាត់ចំពោះមូលដ្ឋានវិញ ក៏មិនចាញ់ស្នងការតាមខេត្តផ្សេងទៀតដែលលេចធ្លោរនោះទេ។ ជាពិសេសខ្ញុំដឹងថា គាត់នេះ ហ៊ានអារកាត់ផាំងៗលើការងារ។
ថ្មីៗកន្លងទៅចំពោះកងកម្លាំងនៅជួរមុខវិញ ការឧបត្ថម្ភរបស់គាត់តាមខ្ញុំ មានមិនតិចនោះឡើយទាំងម៉ូតូ អាយកូម សូឡា សាមែល និងការឧបត្ថម្ភផ្ទាល់ជាលុយដល់យោធាជួបការលំបាក និងមានជំងឺផ្សេងៗដែលពួកគាត់ស្នើមក ស្របពេលដែលគាត់ក៏ត្រូវរាប់រងមួយចំនួនធំដល់កងកម្លាំងរបស់គាត់ ដែលត្រូវរុញទៅខាងសមរភូមិបន្ទាយមានជ័យដែរនោះ។
បងប្អូនដែលធ្លាប់មានទំនាក់ទំនង និងស្គាល់លោកស្នងការព្រៃវែង ច្បាស់ណាស់ថា មានព័ត៌មានពីគាត់មិនចាញ់ខ្ញុំនោះទេ។ មួយទៀតបង ផែង វណ្ណៈ និងបង ឈឿន ប៊ុនឆន ក៏ជាដៃគូស្និតស្នាលមួយដែរ។ តែពេលខ្លះខ្ញុំមិនចង់ឃើញនគរបាលម្នា្កក់ដែលមានធនធាន មានសមត្ថភាព និងការលះបង់ខ្ពស់ ត្រូវរងការរិៈគន់ និងវាយតម្លៃណាមួយមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ។
សម្រាប់ខ្ញុំ សូមឲ្យថ្នាក់ដឹកនាំដោះស្រាយករណីនេះដោយតម្លាភាព និងយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធ។ នេះជាគំនិតមួយជ្រុងរបស់ខ្ញុំ ចំពោះស្នងការម្នាក់នេះទេ តែសម្រាប់ពលរដ្ឋនៅខេត្តព្រៃវែងជាច្រើននាក់ ក៏អាចវាយតម្លៃបាន ស្រេចលើបងប្អូនចុះ។

No comments:
Post a Comment