សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Tuesday, June 9, 2026

អាជីវករផ្សារគគីរ ស្រុកកៀនស្វាយ ឈ្លោះគ្នាព្រោះលក់លើដីចំណីផ្លូវដូចគ្នា ខណៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរហាក់មិនទាន់មានប្រសិទ្ធភាព?


(កណ្ដាល)៖ ការឈ្លោះប្រកែកគ្នារវាងអាជីវករលក់ដូរនៅលើដីចំណីផ្លូវជុំវិញផ្សារគគីរ ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានក្លាយជារូបភាពមួយគួរឱ្យសោកស្តាយ និងឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈដែលកំពុងកើតមានជាយូរមកហើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺភាគីដែលឈ្លោះគ្នាបានលើកឡើងថា «លក់លើចិញ្ចើមផ្លូវដូចគ្នាសោះ» ដែលបង្ហាញថា ការរំលោភលើដីចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ បានក្លាយជារឿងធម្មតាទៅហើយនៅតំបន់នេះ។ ផ្លូវជាច្រើនខ្សែជុំវិញផ្សារ ត្រូវបានយកធ្វើជាកន្លែងលក់ដូរ ខណៈចិញ្ចើមផ្លូវជាតិលេខ១ ក៏រងការទន្ទ្រានប្រើប្រាស់ដោយគ្មានការគោរពតាមការណែនាំរបស់អាជ្ញាធរផងដែរ។

ជាការពិត រដ្ឋបាលស្រុកកៀនស្វាយ បានចេញសេចក្តីជូនដំណឹងយ៉ាងច្បាស់ ដោយហាមឃាត់ការលក់ដូរ ការដាក់តាំងទំនិញ ការចតយានយន្ត និងការសាងសង់សំណង់ផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈ។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គួច ចំរើន ក៏បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ រហូតដល់លើកទី៣ និងបានព្រមានអនុវត្តវិធានការច្បាប់ចំពោះអ្នករឹងទទឹងរំលោភលើដីចំណីផ្លូវសាធារណៈ។

សំណួរដែលសាធារណជនកំពុងចោទសួរនោះគឺ តើហេតុអ្វីបានជាបញ្ហានេះនៅតែបន្តកើតមាន? តើការអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាននៅមានភាពធូររលុង ឬយ៉ាងណា? ហើយតើលោក ឡូវ សុខសាន នឹងមានវិធានការបែបណាដើម្បីធានាឱ្យសេចក្តីជូនដំណឹងដែលបានចេញរួចនោះ មានប្រសិទ្ធភាពជាក់ស្តែង?

មហាជនជំរុញឱ្យមានការអនុវត្តច្បាប់ឱ្យបានស្មើភាព និងម៉ឺងម៉ាត់។ បើសេចក្តីជូនដំណឹងគ្រាន់តែចេញហើយទុកចោលដោយគ្មានការអនុវត្ត នោះការរំលោភលើដីចំណីផ្លូវនឹងបន្តកើតមាន ការកកស្ទះចរាចរណ៍នឹងកាន់តែធ្ងន់ធ្ងរ ហើយជម្លោះរវាងអាជីវករក៏អាចផ្ទុះឡើងជាបន្តបន្ទាប់។

ប្រជាពលរដ្ឋជាច្រើន សង្ឃឹមថា អាជ្ញាធរស្រុកកៀនស្វាយ និងស្ថាប័នពាក់ព័ន្ធ នឹងចុះពិនិត្យ និងអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ដើម្បីស្តារសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ឱ្យស្របតាមគោលនយោបាយរបស់រដ្ឋបាលខេត្តកណ្តាល៕












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages