(កណ្ដាល)៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបង្ហាញការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពធ្វើអាជីវកម្មរបស់ដេប៉ូខ្សាច់ «ចាន់ ណា» ដែលត្រូវបានអះអាងថា មិនបានអនុវត្តវិធានការបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យមានការជ្រុះខ្សាច់រាយប៉ាយលើផ្លូវសាធារណៈជាបន្តបន្ទាប់។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនខ្សាច់ចេញពីដេប៉ូខាងលើ តែងបង្កឱ្យខ្សាច់ធ្លាក់រាយលើដងផ្លូវជាញឹកញាប់។ ស្ថានភាពនេះ មិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាព និងអនាម័យបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ ជាពិសេសសិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះជារៀងរាល់ថ្ងៃ។
មហាជនបានចាត់ទុកបញ្ហានេះថា ជាការធ្វេសប្រហែស និងខ្វះការទទួលខុសត្រូវក្នុងការធ្វើអាជីវកម្ម ព្រោះការដឹកជញ្ជូនសម្ភារៈដែលបណ្ដាលឱ្យជ្រុះធ្លាក់លើផ្លូវសាធារណៈ អាចនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ បង្កធូលីប៉ះពាល់ដល់សុខភាព និងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ។
ជាក់ស្ដែង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានបានចុះពិនិត្យទីតាំង និងឃើញថា មានសភាពខ្សាច់ជ្រុះរាយប៉ាយលើផ្លូវ និងកកកុញតាមចិញ្ចើមផ្លូវយ៉ាងច្បាស់លាស់។
ប្រជាពលរដ្ឋស្នើឱ្យម្ចាស់ដេប៉ូ «ចាន់ ណា» បង្កើនការទទួលខុសត្រូវ ដោយអនុវត្តវិធានការការពារការជ្រុះខ្សាច់ឱ្យមានប្រសិទ្ធភាព និងរៀបចំការសម្អាតផ្លូវជាប្រចាំ ដើម្បីធានាបរិស្ថានស្អាត និងសុវត្ថិភាពសម្រាប់សាធារណជន។
ជាមួយគ្នានេះ មហាជនក៏អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យចុះពិនិត្យ និងអនុវត្តវិធានការតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ ចំពោះអាជីវកម្មណាដែលមិនគោរពបទប្បញ្ញត្តិ និងបន្តបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ ការអនុវត្តច្បាប់ដោយស្មើភាព និងតឹងរ៉ឹង គឺជាកត្តាសំខាន់ក្នុងការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន។
ពលរដ្ឋក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាពិសេសលោក ឡូវ សុខសាន ចៅហ្វាយស្រុកកៀនស្វាយ បង្កើនការចុះពិនិត្យ និងគ្រប់គ្រងសណ្ដាប់ធ្នាប់ បរិស្ថានតាមដងផ្លូវឱ្យបានជាប់លាប់ និងមានប្រសិទ្ធភាព។
ជុំវិញបញ្ហាខាងលើនេះ លោក ឡូវ សុខសាន បានប្រាប់ឲ
Phally News ដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា លោកនឹងឱ្យអភិបាលរងទទួលការងារ ចុះពិនិត្យ តែរហូតមកដល់ពេលនេះ មហាជននៅរង់ចាំលទ្ធផល។
ក្នុងករណីដែលម្ចាស់ដេប៉ូនៅតែបន្តបណ្ដោយឱ្យមានការជ្រុះខ្សាច់ និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ មហាជនបានស្នើឱ្យមានវិធានការតឹងរ៉ឹងតាមច្បាប់ រួមទាំងការពិចារណាផ្អាក ឬបិទអាជីវកម្ម ដើម្បីការពារផលប្រយោជន៍សាធារណៈជាចម្បង៕
អត្ថបទដោយសហការី














No comments:
Post a Comment