ខេត្តកណ្ដាល÷ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥អាជ្ញាធរក៏ដូចជា ប្រជាពលរដ្ឋភូមិឈើទាល១-២និងភូមិឫស្សី ស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានជួបជុំគ្នា នៅចំណុចព្រែកឬស្សីស្រុក ដើម្បីសាទរចំពោះចំណាត់ការរដ្ឋបាលខេត្តកណ្ដាលដឹកនាំដោយលោកគួចចំរើន អភិបាលខេត្តដែលបានចាត់វិធានការជម្លុះទម្លាយព្រែកឬស្សី បន្ទាប់ពីប្រជាពលរដ្ឋ១គ្រួសារបានបិទភ្ជិតព្រែកនេះជាយូរមកហើយនោះ។
ការបិទលំហូរទឹកនៅព្រែកឫស្សីស្រុកធ្វើឲ្យទឹកចាល់ក្នុងភូមិទាំង៣ខាងលើ នៃឃុំឈើទាលនាំឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ជាពិសេសដំណាំដាំដុះរងការខូចខាតជាយូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះសូម្បីតែសាលារៀនក៏ប្រឈមនឹងការលំបាកខ្លាំងណាស់ដែរ។ ប្រជាពលរដ្ឋសិស្សានុសិស្សនៅសហគមន៍ខាងលើ សុទ្ធតែប្រឈមនឹងការលំបាកដោយសារតែចាល់ទឹក ធ្វើឲ្យខូចដំណាំលិចលង់លំនៅដ្ឋានក៏ដូចជាសាលារៀន។ ស្ថានការណ៍បែបនេះបានអូសបន្លាយជាយូរមកហើយ ។ ទើបតែថ្មីៗនេះលោកគួច ចំរើន អភិបាលខេត្តកណ្ដាលបានចុះទៅពិនិត្យផ្ទាល់ហើយបានបញ្ជាឲ្យមានការកាយរំដោះព្រែកឬស្សីស្រុកនេះឡើងវិញ។
នាយកសាលាបឋមសិក្សាឬស្សីស្រុកមានប្រសាសន៍ថា សាលាបឋមសិក្សាឬស្សីស្រុក នៅផ្នែកខាងក្រោយមាន ការលិចលង់ទឹកដោយសារ តែទឹកចាល់ ពីខាងក្រោយមកធ្វើឲ្យមានបញ្ហាប្រឈមចំពោះសិស្សានុសិស្ស ជា ពិសេសពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ ការលិចលង់នេះបានកើតឡើងជាយូរមកហើយ ប៉ុន្តែពេលនេះលោកគួចចំរើនអភិបាលខេត្ត បានជួយឧបត្ថម្ភចាក់ដី ដែលអាចនឹងរៀបចំឲ្យមានតារាងបាល់ ឬក៏អាគារសិក្សានៅទី កន្លែងដែលធ្លាប់លិចទឹកនេះ។ លោកនាយកសាលាបានថ្លែងអំណរគុណដល់លោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ដោះស្រាយចំពោះការលំបាកទាំងនេះ។
អ្នកភូមិដែលជួបប្រជុំគ្នា នៅការដ្ឋានកាយរំដោះព្រែក ឫស្សីស្រុកបាននិយាយដូចៗគ្នាថា លំនៅឋានរបស់ពួក គាត់ច្រើនគ្រួសារបានប្រឈម នឹងការលិចលង់ ជា ច្រើនឆ្នាំមកហើយ ព្រោះតែការបិទទឹកហូរចេញ-ចូលនៃព្រែកឬស្សីស្រុក។ ផលដំណាំរងការខូចខាតដោយសារជំនន់ទឹកភ្លៀងគ្មានច្រកចេញ...សត្វពាហនៈក៏ដូចជាមាន់,ទា..ប្រឈមនឹងការគ្មានជម្រក ជាពិសេសគ្មានសូម្បីតែទីកន្លែងសម្រាប់ធ្វើទ្រុង ឬឈរស៊ីស្មៅឬចំណី អាហារ។ ផលលំបាកប៉ះពាល់សុខភាពនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានអូសបន្លាយរយៈពេលជាយូរមកហើយ។
ទើបតែថ្មីៗនេះលោកគួចចំរើន អភិបាលខេត្តកណ្ដាលបានចុះទៅពិនិត្យផ្ទាល់និងដោះស្រាយបញ្ហាចំទិសដៅទើបធ្វើឲ្យប្រជាពលរដ្ឋនៅសហគមន៍ខាងលើរីករាយជាខ្លាំង។ ប្រជាពលរដ្ឋបាននិយាយដូចៗគ្នាជាមួយនឹងការសាទរចំពោះវិធានការ,ចំណាត់ការរបស់លោកអភិបាល ខេត្តកណ្ដាលដែលបានដោះស្រាយបញ្ហាចំទិសដៅនិងលឿនរហ័ស។ ប្រជាពលរដ្ឋទាំងបីភូមិនៃឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគួច ចំរើន អភិបាលខេត្តដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាពួកគាត់ប្រកបដោយជោគជ័យនៅពេលនេះ៕















No comments:
Post a Comment