សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Tuesday, October 20, 2026

សណ្ដាប់ធ្នាប់ផ្សារតាខ្មៅចាស់ ត្រូវការ «ភាពទៀងទាត់យូរអង្វែង» មិនមែនធ្វើ «យកមុខយកមាត់» ត្រឹមប៉ុន្មានថ្ងៃនោះទេ!


ខេត្តកណ្តាល៖ ក្រោយពីមានការចុះផ្សាយពីសំណាក់បណ្តាញសារព័ត៌មាន ពេញចិត្តមេឌា ដែលបានឆ្លុះបញ្ចាំងពីភាពអសកម្ម និងការទទូចរបស់ប្រជាពលរដ្ឋឱ្យអភិបាលក្រុងតាខ្មៅជួយរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរជុំវិញផ្សារតាខ្មៅចាស់នោះ ឥឡូវនេះ អាជ្ញាធរក្រុងបានចេញមុខអន្តរាគមន៍ជាបន្ទាន់ហើយ។ ប៉ុន្តែ បើទោះបីជាមានការចុះរៀបចំនេះក្ដី ក៏មហាជន និងប្រជាពលរដ្ឋនៅតែបន្តដាក់ការសង្ស័យ និងរំលឹកចំៗថា៖ កុំធ្វើគ្រាន់តែយកមុខយកមាត់ ឬធ្វើ «តែមួយភ្លើងចំបើង» រួចទុកឱ្យភាពអាណាធិបតេយ្យត្រឡប់មកវិញឱ្យសោះ!


​គួរបញ្ជាក់ថា តាមការបញ្ជាក់របស់រដ្ឋបាលក្រុងតាខ្មៅ ក្រោយពេលលោកអភិបាលក្រុង លីវ វណ្ណថេង ចុះពិនិត្យផ្ទាល់នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកបានចង្អុលបង្ហាញឱ្យលោក ឡាយ សំរិទ្ធ អភិបាលរងក្រុង ដឹកនាំកម្លាំងការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខផ្សារ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារតាខ្មៅចាស់ ដោយកំណត់ពេលអប់រំផ្សព្វផ្សាយរយៈពេល ២ថ្ងៃ (ថ្ងៃទី២០-២១ ខែតុលា) និងអនុវត្តវិធានការរដ្ឋបាលនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

​ទោះបីជាកិច្ចការចុះអប់រំ និងរៀបចំនេះជាសញ្ញាវិជ្ជមានក៏ដោយ ប៉ុន្តែបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវសាធារណៈមិនសូវជាទុកចិត្តប៉ុន្មានទេ ប្រសិនបើអាជ្ញាធរគ្រាន់តែធ្វើឡើងដើម្បី «លុបបំបាត់ការរិះគន់ក្នុងរយៈពេលខ្លី»។

​ពលរដ្ឋបានលើកឡើងយ៉ាងដាច់អហង្ការថា៖ មិនចង់ឃើញអាជីវករយកផ្លូវ និងចិញ្ចើមផ្លូវមកធ្វើជាទីតាំងលក់ដូរជាទ្រង់ទ្រាយអាណាធិបតេយ្យបន្តទៀតឡើយ ព្រោះវាបង្កការកកស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពទីក្រុង។

ឈប់ធ្វើ «តែមួយភ្លើងចំបើង» ប្រជាពលរដ្ឋមិនចង់ឃើញកម្លាំងសមត្ថកិច្ចចុះរៀបចំសំរុកខ្លាំងតែពេលមានព័ត៌មាន ឬពេលមានអ្នកអធិការកិច្ចចុះមកពិនិត្យ លុះពេលស្ងាត់បន្តិច ភាពរញ៉េរញ៉ៃក៏កើតមានឡើងវិញដដែលនោះទេ។

​មហាជនរស់នៅក្នុងក្រុងតាខ្មៅ រំពឹងយ៉ាងមុតមាំថា ការចុះអនុវត្តវិធានការរដ្ឋបាលនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នឹងត្រូវធ្វើឡើងដោយ ភាពម៉ឺងម៉ាត់ ស្មើភាព និងមាននិរន្តរភាពពិតប្រាកដ៕

​សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពក្រុង មិនអាចរក្សាបានដោយសារ «រូបភាពកាសែត ឬការចុះធ្វើតាមអំពើចិត្ត» នោះឡើយ ប៉ុន្តែវាទាមទារឱ្យមានការល្បាត ត្រួតពិនិត្យ និងដាក់បទបញ្ជាម៉ឺងម៉ាត់ជាប្រចាំពីសំណាក់អាជ្ញាធរក្រុង សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបទីក្រុងតាខ្មៅក្លាយជាទីក្រុងមានរបៀបរៀបរយ និងគួរឱ្យចង់រស់នៅពិតប្រាកដ!










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages