សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Wednesday, August 12, 2026

ប្លែកទៀតហើយ! «ក្រុមការងារជញ្ជីងចល័តពិសេស» ចុះឃាត់រថយន្តតាមផ្លូវ អំណាចមានច្បាស់ តែនីតិវិធីក៏ត្រូវច្បាស់ដែរ


តាកែវ៖ សកម្មភាពរបស់ «ក្រុមការងារជញ្ជីងចល័តពិសេស» ដែលត្រូវបានរាយការណ៍ថា ចុះប្រតិបត្តិការឃាត់ និងត្រួតពិនិត្យរថយន្តដឹកជញ្ជូននៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេសពាក់ព័ន្ធនឹងសំណួរថា តើក្រុមការងារនេះមានសិទ្ធិអំណាច និងត្រូវអនុវត្តនីតិវិធីយ៉ាងដូចម្តេច?

ពាក់ព័ន្ធនឹងករណីនេះ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបំភ្លឺថា សកម្មភាពនេះជាបេសកកម្មរបស់ក្រុមការងារជញ្ជីងចល័តពិសេស ដែលមានបេសកកម្មត្រឹមត្រូវ ក្នុងការចាត់វិធានការចំពោះរថយន្តដែលបើកបរគេចស្ថានីយជញ្ជីងអចល័ត ឬមិនចូលថ្លឹង។

ការបំភ្លឺនេះបានបង្ហាញថា ក្រុមការងារពិសេសមិនមែនជាក្រុមចុះប្រតិបត្តិការដោយគ្មានមូលដ្ឋាននោះទេ។ ផ្ទុយទៅវិញ តាមខ្លឹមសារ ប្រការ២ នៃឯកសារដែលបានលើកឡើង ក្រុមការងារនេះមានភារកិច្ចកំណត់មុខសញ្ញារថយន្តដឹកជញ្ជូនលើសទម្ងន់ ចុះឆ្មក់ត្រួតពិនិត្យស្ថានីយជញ្ជីងអចល័ត និងរថយន្តដឹកជញ្ជូននៅតាមបណ្តាញផ្លូវដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ហើយអាចអនុវត្តការពិន័យអន្តរការណ៍ ឃាត់ និងរក្សាទុកយានយន្តដែលដឹកលើសទម្ងន់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយមានកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដីពាក់ព័ន្ធ។

ជាមួយគ្នានេះ ប្រការ៣ ក៏បានកំណត់ឱ្យស្ថានីយថ្លឹងយានយន្តអចល័តទូទាំងប្រទេស ផ្តល់កិច្ចសហការយ៉ាងពេញលេញដល់ក្រុមការងារពិសេសក្នុងអំឡុងពេលបំពេញបេសកកម្ម។ ដូច្នេះ បើមើលតាមខ្លឹមសារឯកសារខាងលើ សំណួរដែលសាធារណជនលើកឡើង មិនមែនស្ថិតនៅត្រឹមថា «មានសិទ្ធិឃាត់ឬអត់?» ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺ តើសិទ្ធិអំណាចនោះត្រូវអនុវត្តតាមនីតិវិធីបែបណា?

ជាពិសេស នៅពេលប្រតិបត្តិការកើតឡើងតាមដងផ្លូវ និងមានមន្ត្រីមួយចំនួនស្លៀកពាក់ស៊ីវិល មហាជនមានសិទ្ធិសួរថា៖

*. តើមន្ត្រីដែលចុះឃាត់រថយន្ត ត្រូវបង្ហាញអត្តសញ្ញាណ ឬប័ណ្ណបេសកកម្មដល់អ្នកបើកបរយ៉ាងដូចម្តេច?

*. តើការឃាត់រថយន្ត និងការថ្លឹងទម្ងន់ ត្រូវធ្វើតាមជំហាន និងលក្ខខណ្ឌបច្ចេកទេសអ្វីខ្លះ?

*. តើ «ក្រុមការងារជញ្ជីងចល័តពិសេស» មានសមាសភាព និងសិទ្ធិអំណាចខុសពីក្រុមចល័តធម្មតា ឬក្រុមការងារចល័តចម្រុះយ៉ាងដូចម្តេច?

*. តើការប្រើជញ្ជីងចល័តតាមផ្លូវក្នុងភូមិ ឬផ្លូវលំ មានលក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាក់លាក់អ្វីខ្លះ?

*. តើមានប្រព័ន្ធទិន្នន័យកណ្តាលសម្រាប់កត់ត្រាលទ្ធផលថ្លឹង ការផាកពិន័យ និងការចាត់វិធានការឬទេ ដើម្បីជៀសវាងការត្រួតពិនិត្យ ឬផាកពិន័យស្ទួន?

*. ហើយតើមានយន្តការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងដូចម្តេច ដើម្បីធានាថា ការរឹតបន្តឹងលើរថយន្តដឹកទំនិញល្មើស មិនបង្កជាបន្ទុក ឬភាពភាន់ច្រឡំដល់អ្នករកស៊ីដែលគោរពច្បាប់?

សាធារណជនបានលើកឡើងទៀតថា អ្នកដឹកជញ្ជូនត្រូវគោរពច្បាប់។ អ្នកអនុវត្តច្បាប់ក៏ត្រូវគោរពច្បាប់ និងនីតិវិធីដូចគ្នា។ 

ការមាន «ក្រុមការងារពិសេស» គឺមិនមែនជាបញ្ហាទេ ប្រសិនបើ តួនាទីច្បាស់ សិទ្ធិអំណាចច្បាស់ អត្តសញ្ញាណច្បាស់ នីតិវិធីច្បាស់ និងការទទួលខុសត្រូវច្បាស់។ ផ្ទុយទៅវិញ ប្រសិនបើការអនុវត្តមានភាពមិនច្បាស់លាស់ ឬតួនាទីត្រួតស៊ីគ្នា វាអាចបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់។

មហាជនសំណូមពរសូមក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ បន្តបង្ហាញជាសាធារណៈនូវមូលដ្ឋានច្បាប់ សមាសភាព តួនាទី សិទ្ធិអំណាច និងនីតិវិធីប្រតិបត្តិរបស់ «ក្រុមការងារជញ្ជីងចល័តពិសេស» ឱ្យបានច្បាស់លាស់ ដើម្បីធានាថា ការបង្ក្រាបមានប្រសិទ្ធភាព តម្លាភាព និងអាចទទួលបានការគាំទ្រពីសាធារណជន។

ច្បាប់ត្រូវតែអនុវត្ត ប៉ុន្តែការអនុវត្តច្បាប់ ក៏ត្រូវធ្វើតាមច្បាប់ និងនីតិវិធីដែរ៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages