ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ “Kim Ya An” បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ក្នុងករណីអនុវត្តច្បាប់ចរាចរណ៍ពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិអាល់កុល។
យោងតាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការឃាត់ខ្លួននេះអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
ជនសង្ស័យមានឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទប្រុស (ក្លែងភេទស្រី) កើតឆ្នាំ១៩៩៦ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ត្រូវបានសង្ស័យពាក់ព័ន្ធនឹងបទល្មើសចម្បង២រួមមាន៖
១- បទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍
២- ប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ)
តាមប្រភពដដែលបានបញ្ជាក់ថា ករណីនេះមានដើមកំណើតពីប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល ដែលធ្វើឡើងនៅលើកំណាត់ផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ នៅវេលាម៉ោង ២៤:៣០នាទី ឈានចូលថ្ងៃទី៣១ ខែមីនា សមត្ថកិច្ចបានឃាត់រថយន្តម៉ាក NISSAN មួយគ្រឿង ដើម្បីត្រួតពិនិត្យជាតិអាល់កុល។
អ្នកបើកបររថយន្តបានសហការផ្លុំឧបករណ៍វាស់ជាតិអាល់កុល ប៉ុន្តែការផ្លុំលើកទី១ និងទី២ មិនត្រឹមត្រូវតាមបច្ចេកទេស ទើបសមត្ថកិច្ចណែនាំបន្ថែម ហើយឲ្យផ្លុំលើកទី៣ ទើបទទួលបានលទ្ធផល 0,55 mg/l។ បន្ទាប់មក សមត្ថកិច្ចបានអនុវត្តន៍ការផាកពិន័យចំនួន ២លានរៀល តាមនីតិវិធីច្បាប់ ហើយអ្នកបើកបរក៏បានយល់ព្រម និងផ្តិតមេដៃទទួលស្គាល់ដោយគ្មានការតវ៉ា។
ក្រោយពេលបញ្ចប់នីតិវិធី សមត្ថកិច្ចមិនអនុញ្ញាតឲ្យបន្តដំណើរភ្លាមៗទេ ដោយរង់ចាំឲ្យស្វាងស្រាជាមុនសិន ដើម្បីធានាសុវត្ថិភាពចរាចរណ៍។ ទោះជាយ៉ាងណា នៅព្រឹកថ្ងៃដដែល ជននោះបានបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គម ដោយមានខ្លឹមសារញុះញង់ បំភាន់មតិសាធារណៈ និងប៉ះពាល់ដល់សមត្ថកិច្ច។
សមត្ថកិច្ចបានបញ្ជាក់ថា ខ្លឹមសារដែលបានផ្សព្វផ្សាយមិនឆ្លុះបញ្ចាំងពីការអនុវត្តភារកិច្ចពិតប្រាកដឡើយ ខណៈការអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល គឺមានគោលបំណងចម្បងក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដែលភាគច្រើនកើតឡើងដោយសារការប្រើប្រាស់គ្រឿងស្រវឹង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីបន្តសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ ជាពិសេសជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សង្គមទាំងមូល៕ ដោយសហការី





No comments:
Post a Comment