សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Wednesday, April 1, 2026

ជនបង្កបុកស្លាប់៦នាក់ បង្ហាញខ្លួនហើយ សមត្ថកិច្ចកំពុងសួរនាំយ៉ាងតឹងរ៉ឹង


(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលឲ្យមនុស្សស្លាប់រហូតដល់ ៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបងបានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បច្ចុប្បន្នជនបង្កកំពុងស្ថិតក្រោមការសួរនាំយ៉ាងម៉ឺងម៉ាត់ពីមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានសន្និដ្ឋានថា យុវជនឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ជាអ្នកបើករថយន្តម៉ាក MERCEDES-BENZ AMG GT53 បុកម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់ (គភ៌៣ខែ) បន្ថែមធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦នាក់ និងមានអ្នករងរបួសធ្ងន់១នាក់។ ការសន្និដ្ឋាននេះធ្វើឡើងក្រោយការប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពពាក់ព័ន្ធជាច្រើន។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៤៦-២៤៧ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខណៈជនរងគ្រោះកំពុងធ្វើដំណើរត្រឡប់ពីមើលការប្រគុំតន្ត្រី។

បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបានគេចខ្លួនចេញពីទីតាំង ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ខណៈសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះអ្នករងរបួស និងប្រមូលភស្តុតាង។

គួរបញ្ជាក់ថា ជនបង្កជាកូនរបស់មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅខេត្តបន្ទាយមានជ័យ ហើយមុននេះគ្រួសារបានអះអាងថា មិនអាចទាក់ទងកូនប្រុសបានបន្ទាប់ពីកើតហេតុ។

ករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ខណៈការចូលខ្លួនសារភាពរបស់ជនបង្ក ត្រូវបានមើលឃើញថា ជាជំហានសំខាន់ក្នុងការបើកផ្លូវទៅរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងគ្រួសារ៕









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages