ខេត្តត្បូងឃ្មុំ៖ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៧ឆ្លងស្ពានគីហ្សោណា ពីទីរួមខេត្តកំពង់ចាម សំដៅទៅកំពុងស្រឡាងចាស់បត់ទៅជីហែរ ចុះពីស្ពាននៅខាងស្ដាំដៃ នឹងឃើញទីតាំងឃ្លាំងដ៏ធំមួយជាប់របងវិទ្យាល័យទន្លេបិទ ស្ថិតក្នុងភូមិទន្លេបិទក្រោម-ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ឃ្លាំងដ៏ធំនៅទីនេះត្រូវគេប្រាប់ថា គឺជារោងចក្រផលិតបារី ដែលមានថៅកែជាជនជាតិចិន,តែមិនដឹងថា តើរោងចក្រនេះ មាន ច្បាប់ទម្លាប់ដែរឬយ៉ាងណានោះទេ?
នៅទីនេះផលិតបារីម៉ាកសញ្ញាជាបារីចិន ហើយសម្រាប់នាំចេញបំពេញសេចក្តីត្រូវការរបស់ជនជាតិចិន។ អ្នក បម្រើការនៅទីនោះមានជនជាតិខ្មែរ ជាបុគ្គលិកកម្មករតូចតាចប្រហែល ៤០-៥០ នាក់ប៉ុណ្ណោះ។ ក្រៅពីនោះជាជនជាតិចិន ដែលមានភារកិច្ចមើលការខុសត្រូវឬជាមេការធំៗ ។ នៅទីនេះកម្មករ ក៏ដូចជាមន្ត្រីរាជការមិន អាចចេញ-ចូលបានតាមអំពើចិត្តនោះឡើយ។ ពោលគឺមានការយាមការតឹងរឹង តាមបទបញ្ជារបស់ថៅកែជាជនជាតិចិន។ បើគ្មានការអនុញ្ញាតពីថៅកែជនជាតិចិនទេ គេមិនអាចចូលទៅក្នុងរោងចក្រផលិតបារីនេះបានឡើយ។
បារីដែលផលរួចត្រូវបាននាំចេញទៅក្រៅប្រទេស តាមច្រកព្រំដែនខេត្តត្បូងឃ្មុំឆ្លងដែនទៅប្រទេសវៀតណាម។ គេមិនដឹងថា តើទីតាំងផលិតបារីដ៏ធំ១កន្លែងនេះ មាន ច្បាប់ទម្លាប់ចេញដោយស្ថាប័នណានោះទេ,នៅគ្រាដែលអាជ្ញាធរខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ទីរជំនាញបានត្រឹមតែឆ្លើយថា មិនដឹង។ បើតាមមន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំខ្សិប ថា វាគ្រាន់តែជាការសម្របសម្រួលយល់មុខ រវាងពួកឈ្មួញថៅកែជនជាតិចិន និងមេៗខេត្តតែប៉ុណ្ណោះ។ ចំពោះច្បាប់ទម្លាប់គ្មានអ្នកណាដឹងថា តើថៅកែទីតាំងខាងលើនេះបានសុំច្បាប់ដល់ថ្នាក់ណានោះទេ?
នៅខេត្តត្បូងឃ្មុំ ក្រៅពីទីតាំងផលិតបារីដ៏ធំមួយកន្លែងខាងលើនេះក៏មានកន្លែងផ្សេងទៀតដូចជា នៅសួងឬនៅស្រុកពញាក្រែក..ក៏មានរោងចក្រផលិតបារីបែប នេះដែរ។ ចំណោទបានសួរថាតើទីតាំងផលិតបារីនេះមានបានផ្ដល់ចំណូលជាពន្ធដាជូនជាតិ ដែរឬទេ? បើតាមប្រភពជាច្រើនអះអាងថា វាគ្រាន់តែជាការឃុបឃិតគ្នាលួចលាក់រវាងអាជ្ញាធរជាមួយនឹងថៅកែជាជនជាតិចិនក្រោមលេសនៃការវិនិយោគតិចតួចនិងដើម្បីមានការងារធ្វើជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍៕



No comments:
Post a Comment