បន្ទាប់ពីរថយន្តអ្នកដំណើរមួយចំនួនធំមិនសូវបើកបរលើផ្លូវជាតិលេខ៤ ដោយងាកទៅប្រើប្រាស់ផ្លូវល្បឿនលឿននោះបញ្ហារថយន្តដឹកថ្ម,ដឹកគ្រួស,ខ្សាច់ និងដឹកទំនិញធំៗលើកំណាត់ផ្លូវជាតិលេខ៤ដែលជាអំណោយស្ថាបនាដោយសហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងជាចំហ។ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្តកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងជិះសេះ លែងដៃយ៉ាងត្រជាក់ចិត្ត កាក់កបយ៉ាងសម្បើមជាមួយរថយន្តដឹកថ្ម,ដឹកគ្រួសនិងរថយន្តដឹកទំនិញធំៗ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែកប្រាប់ថា រថយន្តដឹកទំនិញធំៗក៏ដូចជារថយន្តដឹកថ្ម,ខ្សាច់ជាដើម មិនចូលថ្លឹងក្នុងស្ថានីយនោះទេ ដោយបើកបរនៅលើផ្លូវជាតិជាធម្មតា នៅគ្រាដែលប្រជាពលរដ្ឋមាន មន្ទិលថា រថយន្តដឹកថ្មធំៗទាំងនោះអាចនឹងផ្ទុកលើសទម្ងន់។ ក៏ប៉ុន្តែគេក៏សង្កេតឃើញដែរថា រថយន្តធំៗមួយ ចំនួនដែលយូរៗរត់លើផ្លូវជាតិលេខ៤ម្ដង បានឆ្លងកាត់ស្ថានីយថ្លឹងរថយន្តនោះដែរ។ ទោះយ៉ាងណាក៏ដោយស្ថានភាពជាទូទៅ មិនមែនជាចំណាប់អារម្មណ៍លើខ្សែ ភ្នែករបស់មហាជនទៀតទេ ពីព្រោះអ្នកធ្វើដំណើរបានបង្វែរមកប្រើប្រាស់ផ្លូវល្បឿនលឿនហើយ។ ដូច្នេះមន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្តខាងលើនេះ ធ្វើអ្វីក៏បានស្រេចតែនឹងចិត្ត។
ប្រភពបានរាយការណ៍ថាយ៉ាងហោចណាស់ មានក្រុម ហ៊ុនដឹកថ្ម ៤-៥ សព្វថ្ងៃនេះត្រូវដឹកជញ្ជូនថ្ម ឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តកណ្ដាលដុំលើផ្លូវជាតិលេខ៤ខាង លើនេះ។ រថយន្តក្រុមហ៊ុនដឹកថ្មទាំងនេះ មិនបានចូលថ្លឹងរថយន្តនៅចំណុចខាងលើនោះទេ។ នេះជាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិល។ ប្រភពខ្លះខ្សឹបថាខាងក្រុមហ៊ុនដឹកជញ្ជូនថ្មបានរ៉ាប់រង ដោយអាថ៌កំបាំងជាមួយប្រធានស្ថានីយ៍ថ្លឹងរថយន្តនោះហើយ ដូច្នេះ
មិនចាំបាច់ត្រូវបើករថយន្តចូលក្នុងស្ថានីយ៍នាំខាតពេលវេលានោះទេ។
ស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចកណ្ដោលដុំ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងមានការត្រួតពិនិត្យបច្ចេកទេសពីក្រសួង។ ស្ថានីយថ្លឹងរថយន្តនេះត្រូវគ្រប់គ្រងដោយលោក កាន់ ឆាយហុង អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺនិងក្តាប់រួមដោយប្រធានមន្ទីរដែលទើបមកថ្មី លោកជិញ គួង ។ យ៉ាងណាក៏ដោយគេនិយាយថាបញ្ហាស្ថានីយ៍ថ្លឹងរថយន្តគឺជារឿងធម្មតា ព្រោះកន្លែង ណាក៏ដូចកន្លែងណាដែរ៕
No comments:
Post a Comment