សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Tuesday, September 2, 2025

ប្រជាពលរដ្ឋថា ផ្លូវសំបុកមាន់នៅមុខផ្សារព្រែកក្របៅ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ បង្កគ្រោះថ្នាក់ញឹក ញាប់ណាស់


ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ផ្លូវតាមសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្របានរអ៊ូរទាំថា ស្ថានភាពផ្លូវនៅរដូវវស្សានេះ មានខូចខាតជាច្រើនកន្លែងពិបាកធ្វើដំណើរខ្លាំងណាស់ ហើយមិនឃើញមានការជួសជុលសម្រួលឲ្យងាយស្រួល ធ្វើដំណើរបណ្ដោះអាសន្ននោះឡើយ។ ស្ថានភាពផ្លូវបែបនេះ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចេញញឹកញាប់ ហើយគ្រោះថ្នាក់សម្រាប់តែប្រជាពលរដ្ឋជិះម៉ូតូ ដែលងាយរងគ្រោះប៉ុណ្ណោះ ប៉ុន្តែថ្នាក់ដឹកនាំដែលជិះរថយន្តមិនគ្រោះថ្នាក់ទេ,គ្រាន់តែរលាក់បន្តិច។


ជាក់ស្ដែងផ្លូវដែលរងការខូចខាត គ្រលុកសំបុកមាន់ដូចរន្ធបាយខុំនៅមុខផ្សារព្រែកក្របៅ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ បង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរតាមម៉ូតូ។ បើទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅទីនោះ លើកមេដៃកោតសរសើរចំពោះការប្រុង ប្រយ័ត្នរបស់ប្រជាពលរដ្ឋដែលជិះម៉ូតូឆ្លងកាត់មុខផ្សារនោះ ដែលមិនបណ្ដាលឲ្យបាត់បង់ជីវិត ទោះជាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ពោលគឺត្រឹមរលាត់ក្រឡិតដៃជើងទេ ដែលអ្នកខ្លះត្រូវទៅពេទ្យ និងអ្នកខ្លះត្រឹមតែលាបប្រេងកូឡាគឺអាចជាសះស្បើយហើយ។

ប្រជាពលរដ្ឋដែលធ្វើដំណើរ នៅចំណុចខាងលើបន្តហូរ ហែដល់ឃុំកោះរះ ស្រុកល្វាឯម និយាយថា ផ្លូវ១ខ្សែនេះរងការខូចខាតយ៉ាងខ្លាំងហើយក៏មិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ច ជួសជុលជាបណ្ដោះអាសន្នអ្វីដែរ។ អ្នក ធ្វើដំណើរ ដែលដួលរលាត់ដៃជើង មិនមែនដោយសារប្រើល្បឿនលឿននោះទេ។ ប៉ុន្តែគឺដោយសារ តែផ្លូវជង្ហុកស្មានមិនដល់ នៅពេលមានទឹកដក់ចេះតែប្រថុយធ្វើដំណើរក៏ធ្លាក់ចូលជង្ហុកជ្រៅដួលច្រងាប់ច្រងឹលតែម្ដង។

នៅពេលដែលដួលគ្រោះថ្នាក់រលាត់ដៃជើង ក៏បន្ថែមទៅដោយល្បាប់ភក់ប្រឡាក់ស្រម៉ក ក្លាយទៅជារឿងអស់ សំណើចសម្រាប់អស់លោក ជាអាជ្ញាធរដែលជិះរថយន្តសើចសប្បាយទៅវិញ។ អ្នកធំ ជិះរថយន្តសើចចំអកឲ្យប្រជាពលរដ្ឋជិះម៉ូតូដួលថា មានភ្នែកមិនចេះមើល?ឬក៏ថា ជង្ហុកប៉ុណ្ណឹង ក៏ជិះឲ្យដួលដែរ។ ប្រជាពលរដ្ឋអ្នកជិះម៉ូតូគឺចាំតែខុស....?

ផ្លូវ១ខ្សែដែលរងការខូចខាតយ៉ាងខ្លាំង នៅរដូវវស្សានេះ
តែមិនដឹងថា មានផែនការជួសជុលពីស្ថាប័នជំនាញខាងសាធារណការនិងអាជ្ញាធរដែនដីដែរ ឬយ៉ាងណាទេ? ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរក៏ដូចជាស្ថាប័នជំនាញអាចនឹងប្រកាសប្រាប់ប្រជាពលរដ្ឋ ឲ្យទ្រាំលំបាកមួយរដូវវស្សា ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ឬមួយថា បើមិនចាំបាច់ទេកុំធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះអី ដើម្បីជៀសវាងហានិភ័យ,ប្រឡាក់សំលៀកបំពាក់ទៅវត្តមិនកើត ឬមិនបានបុណ្យកុសល...ជាដើម៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages