សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Sunday, August 10, 2025

នគរបាលប៉ុស្តិ៍ស្លាស្រុកសំរោងបើកម៉ូតូប្រដេញយុវជនម្នាក់ធ្លាក់ប្រឡាយស្លាប់ព្យាយាមបិទបាំង

ប្រភពពីក្រុមគ្រួសារបានឱ្យពេញចិត្តមេឌាដឹងថា ក្មេងរងគ្រោះឈ្មោះសៀងដាវីត ហៅហ៊ុយភេទប្រុសអាយុ 17 ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវរៀននៅវិទ្យាល័យស្លារម បានឌុបមិត្តភក្កិដើរលេងពេលចេញពីសាលា។ ពេលនោះមន្ត្រីនគរបាលប៉ុស្តិ៍ស្លាឈ្មោះកក្កដា និងសហការីម៉ូតូ៣គ្រឿងបានប្រដេញយុវជនទាំងនោះតាមបណ្ដោយផ្លូវលំ រហូតដល់រហូតដល់ធ្វើឲ្យម៉ូតូក្មេងរងគ្រោះបែកកង់។ យ៉ាងណាក៏ដោយក្មេងរងគ្រោះបានព្យាយាមជិះម៉ូតូទាំងបែកកង់ ហើយសមត្ថកិច្ចនៃយើង ក៏បានព្យាយាមស្រែកប្រដេញតាមពីក្រោយរហូតដល់ក្មេងនោះធ្លាក់ ក្នុងប្រឡាយអូរអណ្ដូងឋិតនៅក្នុងឃុំរវៀងបណ្ដាលឱ្យស្លាប់ក្នុងរណ្ដៅប្រឡាយទឹកនោះទៅ។

អ្នកស្រី ស៊្រន ចាន់ទី ម្ដាយយុវជនរងគ្រោះបានឲ្យពេញចិត្តមេឌាដឹងនៅទីបុណ្យកូនប្រុសរបស់ខ្លួននាព្រឹកថ្ងៃទី 10 ខែសីហាឆ្នាំ 2025 នេះថា អ្នកស្រីបានដាច់ការទាក់ទងជាមួយកូនប្រុសនៅវេលាម៉ោង 7:00 យប់ថ្ងៃទី 9 ខែ សីហារហូតដល់ម៉ោង 9និង 30 នាទីយប់ទើបមាននគរបាលដែលមានលំនៅជិតខាងមកប្រាប់ថាកូនអ្នកស្រីបានស្លាប់ហើយ។ នៅពេលដែលអ្នកស្រីទៅដល់ទីកន្លែង គ្រោះថ្នាក់នោះ គឺឃើញសពកូនប្រុសរបស់ខ្លួនត្រូវគេលើក ដាក់លើកន្ទេលនៅក្បែរប្រឡាយនោះទៅហើយ មិនឃើញមានសមត្ថកិច្ចនៅទីនោះទេ។

អ្នកស្រីបាននិយាយថា នៅពេលដឹកសពកូនមកដល់ផ្ទះមានសមត្ថកិច្ចនគរបាលស្រុកសំរោង ដឹកនាំដោយលោកអធិការរងសួស វណ្ណៈ បានមកបង្ខំហើយអ្នកស្រីផ្ដិតមេដៃលើក្រដាសស១សន្លឹក ដោយមិនបញ្ជាក់អំពីមូលហេតុអ្វីឡើយ។ ក្នុងពេលដែលអ្នកស្រីកំពុងវ៉ល់វ៉ក់ និងមានទុក្ខជាទម្ងន់នេះ ក៏បានផ្ដិតមេដៃឲ្យក្រុមមន្ត្រីនគរបាលទាំងនោះលើក្រដាសសនោះទៅ។

អ្វីដែលគួរឲ្យសោកស្ដាយចំពោះទង្វើដ៏ឧក្រិដ្ឋនេះមួយជាន់ទៀតនោះគឺនៅពេលដែលរឿងរ៉ាវបានកន្លងផុតទៅនាព្រឹកថ្ងៃទី 10 ខែសីហាឆ្នាំ 2025 នេះគេមិនឃើញមានសមត្ថកិច្ចនគរបាលស្រុកសំរោងក៏ដូចជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្លា មកចូលរួមក្នុងពិធីបុណ្យសពយុវជនដែលរងគ្រោះនេះទេ។

លោកភី ឆុន អធិការនគរបាលស្រុកសំរោង បានបញ្ជាក់ប្រាប់ពេញចិត្តមេឌាថា កម្លាំងជំនាញរបស់លោកកំពុងធ្វើការ និងស៊ើបអង្កេតរឿងនេះ ហើយក៏បានបិទទូរសព្ទយ៉ាងតក់ក្រហល់។

គូបញ្ជាក់ដែរថា នៅគ្រាដែលសមត្ថកិច្ចនគរបាលស្រុកសំរោងហាក់ដូចជាធ្វើមិនដឹងមិនឮកំពុងដេកភ័យញ័រខ្លួននោះ
សាក្សីម្នាក់ដែលជិះម៉ូតូខាងក្រោយជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ហៅទៅសួរនាំនិងបំភ្លឺរួចហើយដែរ។

អ្វីដែលធ្វើឲ្យមហាជនខ្លោចផ្សា រនិងមើលឃើញអំពីអំពើឃោរឃៅព្រៃផ្សៃ របស់ក្រុមមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ស្លាក៏ដូចជាកម្លាំងនគរបាលអធិការដ្ឋានគរបាលស្រុកសំរោងធ្វើនោះគឺនៅពេលដែលយុវជនខាងលើបានស្លាប់ទៅហើយមិនឃើញមានមន្ត្រីនគរបាលណាម្នាក់មកសួរនាំនោះឡើយ។ ប្រជាពលរដ្ឋក៏ដូចជាយុវជនជាមិត្តភក្កិក្មេងរងគ្រោះ ដែលចូលរួមបុណ្យសពនិយាយថា យុវជនខាងលើគឺជាក្មេងស្លូតបូត មិនដែលមានបញ្ហាអ្វីនៅក្នុងសង្គមនិងក្នុងចំណោមមិត្តភក្កិនោះឡើយ។

ប្រជាពលរដ្ឋខ្សឹបខ្សៀវថា មន្ត្រីនគរបាលប៉ុស្តិ៍ស្លាក៏ដូចជានគរបាលស្រុកសំរោងតែងតែធ្វើយ៉ាងដូច្នេះតាមរយៈអ្វីដែលគេហៅថាគាបស៊ីទៅលើយុវជនដែលជិះម៉ូតូលឿនៗដើម្បីយកប្រាក់យ៉ាងហោចណាស់ 100 ដុល្លារទើបដោះលែង។

ប្រជាពលរដ្ឋសង្ឃឹមថាក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិ និងបើកការស៊ើបអង្កេតចំពោះករណីមួយនេះដើម្បីដើម្បីផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages