សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Monday, June 8, 2026

រដ្ឋមន្ត្រីបរិស្ថានបញ្ជាឱ្យបញ្ជូនសំណុំរឿង «មន្ត្រីទារលុយរោងចក្រ» ទៅតុលាការ និង ACU ដើម្បីរកការពិត


(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ជូនសំណុំរឿងពាក់ព័ន្ធការចោទប្រកាន់ថា មន្ត្រីបរិស្ថានទារប្រាក់ពីរោងចក្រកែច្នៃដំណាប់ស្វាយមួយ ទៅកាន់តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីបន្តស៊ើបអង្កេត និងស្វែងរកការពិតឱ្យបានច្បាស់លាស់។

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាមួយកាលពីខែមេសា ឆ្នាំ២០២៦ ដែលអះអាងថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទារប្រាក់ចំនួន ១,៥០០ដុល្លារ ពីរោងចក្រមួយនៅស្រុកភ្នំស្រួច ជាថ្នូរនឹងការមិនធ្វើរបាយការណ៍អវិជ្ជមានពាក់ព័ន្ធការគ្រប់គ្រងកាកសំណល់រាវ។ ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបដិសេធការចោទប្រកាន់នេះ។

យោងតាមលិខិតចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ របស់លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមការងារអធិការកិច្ចរបស់ក្រសួង ក្រោយការស៊ើបអង្កេត ប្រមូលព័ត៌មាន និងពិនិត្យភស្តុតាងពាក់ព័ន្ធ បានរកឃើញថា មិនទាន់មានភស្តុតាងជាក់ស្តែង និងគ្រប់គ្រាន់ ដែលអាចបញ្ជាក់បានថា មន្ត្រីទាំងពីររូបពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។

ទោះបីជាមិនទាន់រកឃើញភស្តុតាងច្បាស់លាស់ក៏ដោយ លោក អ៊ាង សុផល្លែត បានស្នើឱ្យបន្តនីតិវិធីច្បាប់ ដោយពិនិត្យកសាងសំណុំរឿងទៅតុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់ ឬបរិហារកេរ្តិ៍ និងបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតបន្ថែមលើករណីទទួល ឬទារប្រាក់ពីក្រុមហ៊ុន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចាត់វិធានការនេះ គឺដើម្បីធានាភាពយុត្តិធម៌ និងភាពស្អាតស្អំជូនមន្ត្រីដែលមិនបានប្រព្រឹត្តកំហុស។ ផ្ទុយទៅវិញ ប្រសិនបើការស៊ើបអង្កេតរកឃើញថា មានការប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដ មន្ត្រីពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ និងប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ជាធរមាន៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages