សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Saturday, June 6, 2026

«ហាងសាច់អាំងបែបចិន» នៅតែបន្តកំពុងរំលោភចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យ! ពលរដ្ឋសួរ តើអាជ្ញាធរខ្លាចអំណាចថៅកែហាង ឬមានអ្វីលាក់បាំងពីក្រោយ?


(កណ្ដាល)៖ ករណី «ហាងសាច់អាំងបែបចិន» មួយកន្លែង ស្ថិតនៅមុខនាវាមាត់ទន្លេ ក្រុងតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក្រោយពីនៅតែបន្តយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងចតម៉ូតូរបស់ភ្ញៀវដោយសេរី អនាធិបតេយ្យ និងគ្មានការគោរពច្បាប់សណ្ដាប់ធ្នាប់សាធារណៈឡើយ។

តាមរយៈវីដេអូដែលប្រជាពលរដ្ឋថតបាននៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បង្ហាញឱ្យឃើញថា ចិញ្ចើមផ្លូវត្រូវបានម៉ូតូរាប់សិបគ្រឿងចតពេញលេញ រហូតធ្វើឱ្យអ្នកថ្មើរជើងគ្មានកន្លែងដើរ ត្រូវបង្ខំចិត្តដើរចូលទ្រូងផ្លូវប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកជិះម៉ូតូ និងរថយន្តក៏ត្រូវបើកគេចវាង បង្កការកកស្ទះ និងបង្កើនហានិភ័យគ្រោះថ្នាក់ជាប្រចាំ។

ប្រជាពលរដ្ឋលើកឡើងថា ចិញ្ចើមផ្លូវត្រូវបានបង្កើតឡើងសម្រាប់អ្នកថ្មើរជើង មិនមែនសម្រាប់អាជីវកម្មឯកជនយកទៅប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ការបណ្ដោយឱ្យមានសកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់កុមារ មនុស្សចាស់ ជនមានពិការភាព និងអ្នកធ្វើដំណើរទូទៅ ដែលត្រូវបង្ខំចិត្តដើរចុះពីលើចិញ្ចើមផ្លូវចូលក្នុងចរាចរណ៍ដ៏មមាញឹក។

អ្វីដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់នោះ គឺអាជ្ញាធរពាក់ព័ន្ធហាក់ដូចជាមិនទាន់មានវិធានការច្បាស់លាស់ណាមួយឡើយ បើទោះបីជាបញ្ហានេះកើតមានជាយូរមកហើយក៏ដោយ។ ប្រជាពលរដ្ឋបានស្នើឱ្យលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ, លោក ពៅ គឹមលី អភិបាលរងក្រុងទទួលបន្ទុកការងារសណ្ដាប់ធ្នាប់ និងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ មេត្តាចុះពិនិត្យ និងអនុវត្តវិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីស្ដារសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋវិញ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនឹងបង្ហាញឆន្ទៈពិតប្រាកដក្នុងការអនុវត្តច្បាប់ដោយស្មើភាព មិនគួរបណ្ដោយឱ្យអាជីវកម្មណាមួយយកទ្រព្យសម្បត្តិសាធារណៈមកប្រើប្រាស់ដោយខុសច្បាប់នោះទេ ព្រោះការមិនចាត់វិធានការអាចធ្វើឱ្យសាធារណជនយល់ថា មានការអនុគ្រោះ ឬភាពមិនប្រក្រតីណាមួយនៅពីក្រោយ ដែលនាំឱ្យបាត់បង់ជំនឿលើការអនុវត្តច្បាប់ និងការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ។

សណ្ដាប់ធ្នាប់ល្អ ចាប់ផ្តើមពីការគោរពច្បាប់ និងការអនុវត្តច្បាប់ដោយគ្មានការលើកលែង។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages